Monday, March 21, 2016

ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា









ជំពូក​ទី​ ២

អំពី​ព្រះមហាក្សត្រ​
មាត្រា​ ៧​.-
ព្រះមហាក្សត្រ​កម្ពុជា​ ទ្រង់​គ្រងរាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ។
ព្រះមហាក្សត្រ​ ទ្រង់​ជា​ព្រះ​ប្រមុខ​រដ្ឋ​មួយ​ជីវិត។
អង្គ​ព្រះមហាក្សត្រ​ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។
មាត្រា​ ៨​.-
ព្រះមហាក្សត្រ​ ព្រះ​អង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ និង​ និរន្តរភាព​ជាតិ។
ព្រះមហាក្សត្រ​ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរាណ​ភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ជា​​អ្នក​ធានា​ការ​គោរព​សិទ្ធិ​ និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ​ និង ​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។
មាត្រា​ ៩​.-
ព្រះមហាក្សត្រ​ ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​​ជា​អាជ្ញា​កណ្ដាល​ ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀងទាត់។
មាត្រា​ ១០.-​
របប​រាជានិយម​កម្ពុជា​ ជា​របប​ជ្រើស​តាំង។ ព្រះមហាក្សត្រ​ទ្រង់​ឥត​មាន​ព្រះរាជ​អំណាច​ចាត់​តាំង​ព្រះ​រជ្ជទាយាទ​សម្រាប់​គ្រងរាជ្យ​សម្បត្តិ​ឡើយ។
មាត្រា​ ១១​ ថ្មី.-​
ក្នុង​ករណី​ដែល​ព្រះមហាក្សត្រ​ ពុំ​អាច​បំពេញ​ព្រះរាជ​ភារៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ​បាន​ដូច​ធម្មតា​ ដោយ​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់​ មាន​ការ​បញ្ជាក់​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ ជ្រើស​រើស​ដោយ​​ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា និង​ នាយករដ្ឋមន្ត្រី នោះ​ប្រធាន​ព្រឹទ្ធសភា បំពេញ​ភារកិច្ច​ប្រមុខ​រដ្ឋ​ជំនួស​ព្រះ​អង្គ​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ។
ក្នុង​ករណី​ដែល​ប្រធាន​​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ជំនួស​ ព្រះមហាក្សត្រ​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​ ពេល​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់​ ដូច​មាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​ខាង​លើ​ ប្រធាន​រដ្ឋសភា​ជា​អ្នក​បំពេញ​ភារកិច្ច​នេះ។
តំណែង​ជា​ប្រមុខរដ្ឋ​ ជំនួស​ព្រះមហាក្សត្រ​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​នេះ​ អាច​នឹង​ដូរ​ឥស្សរជន​ផ្សេង​ទៀត​ ក្នុង​ករណី​ដូច​ដែល​បាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​ខាង​លើ​ តាម​ឋានានុក្រម​ដូច​ត​ទៅ​:
ក-អនុប្រធាន​ទី​ ១​ ព្រឹទ្ធសភា
ខ-អនុប្រធាន​ទី​ ១​ រដ្ឋសភា
គ-អនុប្រធាន​ទី​ ២​ ព្រឹទ្ធសភា
ឃ-អនុប្រធាន​ទី​ ២​ រដ្ឋសភា
មាត្រា​ ១២​ ថ្មី.-​
នៅ​ពេល​ព្រះមហាក្សត្រ​ទ្រង់​ចូល​ទីវង្គត​ ប្រធាន​ព្រឹទ្ធសភា​ទទួល​ភារកិច្ច​ជា​ប្រមុខរដ្ឋ​ស្ដី​ទី​ ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ជំនួស​ព្រះមហាក្សត្រ​ ក្នុង​ពេល​ព្រះអង្គ​ចូល​ទិវង្គត​ ការ​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​ ត្រូវ​អនុវត្ត​តាម​វាក្យខ័ណ្ឌ​ទី​ ២​ និង​ ទី​ ៣​ នៃ​មាត្រា​ ១១​ ថ្មី។
មាត្រា​ ១៣​ ថ្មី.-​
ក្នុង​រយៈវេលា​ ៧​ ថ្ងៃ​យ៉ាង​យូរ​ ព្រះមហាក្សត្រ​ថ្មី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សា​រាជ្យ​សម្បត្តិ។

ប្រភពដកស្រង់​  http://women.open.org.kh/constitution_kingdom_cambodia#.Vu-P2uJ95dg

0 comments:

Post a Comment